ច្បាប់ស្តីពី នីតិវិធីនៃរឿងក្តីរដ្ឋប្បវេណីដែលមិនមែនជាបណ្តឹង
ជំពូកទី ៨ ការចាត់ចែងរក្សាការពារ
មាត្រា ៤៥.- ការលុបចោលការចាត់ចែងរក្សាការពារដោយសារការផ្លាស់ប្តូរស្ថានភាព
១- នៅក្រោយពេលដែលការចាត់ចែងរក្សាការពារដោយ យោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ នៃមាត្រា ៤៣ (នីតិវិធីនៃការចាត់ចែងរក្សាការពារ ) នៃច្បាប់នេះ បានចូលជាស្ថាពរ ប្រសិនបើមានការរលត់មូលហេតុនៃការចាត់ចែងរក្សាការ ពារនោះ ឬ ការផ្លាស់ប្តូរផ្សេងទៀតនៃស្ថានភាព តុលាការអាចលុបចោលការចាត់ចែងរក្សាការពារនោះ តាមពាក្សសុំរបស់ជនដែលកំណត់ក្នុងកថាខណ្ឌទី ២ នៃមាត្រា ៤៤ (បណ្តឹងឧបាស្រ័យ) ខាងលើនេះ ឬ ដោយឆន្ទានុសិទ្ធិរបស់ខ្លួនបាន ។
២- បញ្ញត្តិពីកថាខណ្ឌទី ២ ដល់កថាខណ្ឌទី ៦ នៃមាត្រា ៤៣ (នីតិវិធីនៃការចាត់ចែងរក្សាការពារ) នៃច្បាប់នេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះពាក្យសុំ និង ដីកាសម្រេចដែលកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។
៣- ជនដែលបានដាក់ពាក្យសុំឲ្យធ្វើការចាត់ចែងរក្សាការពារ អាចប្ដឹងជំទាស់ចំពោះដីកាសម្រេចលុបចោលការចាត់ចែងរក្សាការពារ ដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះបាន ។
៤- ជនដែលបានដាក់ពាក្យសុំដែលកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចប្ដឹងជំទាស់ចំពោះដីកាសម្រេចលើកចោលពាក្យសុំនោះបាន ។ បញ្ញត្តិពីកថាខណ្ឌទី ៣ ដល់កថាខណ្ឌទី ៥ នៃមាត្រា ៤៤ (បណ្តឹងឧបាស្រ័យ) ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះករណីនេះ ។
៥- បញ្ញត្តិនៃមាត្រា ៥៥៥ (ដីកាសម្រេចឲ្យធ្វើបដិទាន) និង មាត្រា ៥៥៦ (អានុភាពនៃដីកាសម្រេចដែលលុបចោលដីកាសម្រេចរក្សាការពារ) នៃក្រមនីតិវិធីរដ្ឋប្បវេណី ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះដីកាសម្រេចលុបចោលការចាត់ចែងរក្សាការពារ ដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ។