ច្បាប់ស្តីពី ក្ស័យធន
ជំពូកទី ១ បទប្បញ្ញត្តិទូទៅ
ពាក្យបច្ចេកទេសដែលប្រើប្រាស់នៅក្នុងច្បាប់នេះ មានន័យដូចខាងក្រោម ៖
១ - ក្ស័យធន សំដៅដល់ស្ថានភាពរបស់ពាណិជ្ជករ ឬ នីតិបុគ្គលមិនអាចទូទាត់សងបំណុលបាន ហើយត្រូវបានប្រកាសបញ្ជាក់ដោយតុលាការ ។
២ - សិទ្ធិលើបំណុល សំដៅដល់សិទ្ធិទទួលការទូទាត់សងពីកូនបំណុល ឬ ការទូទាត់ពីទ្រព្យសកម្មរបស់កូនបំណុលដែលកើតមានឡើងមុនពេលបើកសំណុំរឿងក្ស័យធនដោយមិនគិតថាសិទ្ធិលើបំណុលនោះមានលក្ខខណ្ឌមិនទាន់ទូទាត់បាន ឬ មានភាពបន្ទាន់ឡើយ លើកលែងតែច្បាប់ចែងច្បាស់ថាជាសិទ្ធិលើបំណុលខាងរដ្ឋបាល ។
៣ - ក្រុមហ៊ុនមូលធន សំដៅដល់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតរួមមាន ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលបង្កើតឡើងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ។
៤ - ថ្លៃចំណាយក្នុងសំណុំរឿង និងថ្លៃចំណាយក្នុងការបន្តសំណុំរឿង សំដៅដល់ប្រាក់ប្រដាប់ក្តី ថ្លៃចំណាយ និងប្រាក់បំណាច់ថ្លៃឈ្នួលនិងការចំណាយរបស់អភិបាលបណ្តោះអាសន្ន ។
៥ - តុលាការ សំដៅដល់តុលាការនៃព្រះរាជាណាចក្រកម្ពុជាហើយមានយុត្តាធិការលើសំណុំរឿងក្ស័យធនតាមអំណាចនៃច្បាប់នេះ ។
៦ - ក្រុមហ៊ុនសហកម្មសិទ្ធិ សំដៅដល់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ឬ ក្រុមហ៊ុនសហកម្មសិទ្ធិ មានកម្រិតដែលបង្កើតឡើងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ។
៧ – បុគ្គលដែលពាក់ព័ន្ធសំដៅដល់ ៖
ក - ម្ចាស់ភាគហ៊ុន អភិបាល សហកម្មសិទ្ធិករ ឬ អ្នកចាត់ចែងការរបស់កូនបំណុល ក្នុងករណីដែលកូនបំណុលមិនមែនជារូបវន្តបុគ្គល
ខ - សហព័ទ្ធរបស់កូនបំណុល ឬ សហព័ទ្ធរបស់ម្ចាស់ភាគហ៊ុន អភិបាលសហកម្មសិទ្ធិករ ឬ អ្នកចាត់ការរបស់កូនបំណុល ក្នុងករណីដែលកូនបំណុលមិនមែនជារូបវន្តបុគ្គល
គ - បុព្វញាតិ ឬ បច្ឆាញាតិរបស់កូន បំណុល ឬ របស់បុគ្គលដូច បានរៀបរាប់ក្នុងចំណុច "ក" និង ចំណុច "ខ" ខាងលើ
ឃ – សហព័ទ្ធរបស់បុគ្គ ដូចបានរៀបរាប់ក្នុងចំណុច "គ" ខាងលើ
ង - កូនបង្កើតរបស់សហព័ទ្ធរបស់កូនបំណុល ឬ របស់បុគ្គលណាមួយដូចបានរៀបរាប់ក្នុងចំណុច "ក" ដល់ចំណុច "ឃ" ខាងលើ
ច - បុគ្គលដូច បានរៀបរាប់ក្នុងចំណុច "ក" ដល់ចំណុច "ង" នៃមាត្រានេះកាន់កាប់ភាគហ៊ុនច្រើនជាង ៥%(ប្រាំភាគរយ) នៃភាគហ៊ុន ឬ ជាអភិបាល ឬ ជាអ្នកចាត់ចែងការ
ឆ - ក្រុមហ៊ុនសហកម្មសិទ្ធ ដែលបុគ្គលដូចបានរៀបរាប់ក្នុង ចំណុច "ក" ដល់ចំណុច "ង" នៃមាត្រានេះជាសហកម្មសិទ្ធិករ ឬ ជាអ្នកចាត់ចែងការ
ជ - នីតិបុគ្គលដែលបង្កើតឡើងតាមច្បាប់បរទេស ដែលបុគ្គលដូច បានរោបរាប់ក្នុងចំណុច "ក" ដល់ ចំណុច "ង" នៃមាត្រានេះ កាន់កាប់ដើមទុន បើសពី ៥% (ប្រាំភាគរយ) ឬ ជាអភិបាល ឬ ជាអ្នកចាត់ចែងការ ឬ ជាសហកម្មសិទ្ធិករ
ឈ - ជនដែលរស់នៅក្នុងគ្រួសាររបស់កូនបំណុល ក្នុងករណីដែលកូនបំណុលជារូបវន្តបុគ្គល
ញ - រូបវន្តបុគ្គល ឬ នីតិបុគ្គលដែលតាមមូលហេតុវិជ្ជាជីវៈ ឬ ទំនាក់ទំនងពាណិជ្ជកម្មជាមួយកូនបំណុល បុគ្គលនេះ មានលទ្ធភាពប្រើព័ត៌មានសម្ងាត់ ស្តីពីកិច្ចការពាណិជ្ជកម្ម ឬ ហិរញ្ញវត្ថុរបស់កូនបំណុល
ដ - ម្ចាស់បំណុលដែលទាមទារពីកូនបំណុល ដែលមានតម្លៃលើសពី៥% (បាំភាគរយ) នៃសិទ្ធិលើបំណុលសរុបរបស់ ម្ចាស់បំណុលទាំងអស់ប្រឆាំងនឹង កូនបំណុល។
៨ - ម្ចាស់បំណុល សំដៅដល់រូបវន្តបុគ្គល ឬ នីតិបុគ្គលដែលមានសិទ្ធិទាមទារសំណងកូនបំណុល ឬ ពីទ្រព្យសម្បត្តិរបស់កូនបំណុល ។
៩ - ម្ចាស់បំណុលមានកិច្ចធានា សំដៅដល់ម្ចាស់បំណុលដែលមានសិទ្ធិលើទ្រព្យដែលកូនបំណុល បានដាក់ធានាកាតព្វកិច្ច ។ ម្ចាស់បំណុលនេះ មានសិទ្ធិជាអាទិភាពក្នុងការទទួលសំណងមុន ម្ចាស់បំណុលផ្សេងទៀត ។
១០ - កូនបំណុល សំដៅដល់រូបវន្តបុគ្គល ឬ នីតិបុគ្គលដែលក្ស័យធន ។
១១ - ការទូទាត់ជម្រះ សំដៅដល់បើម្ចាស់បំណុលក្លាយជាកួនបំណុលវិញដោយចៃដន្យ ភាគីទាំង២អាចធ្វើការទូទាត់ជម្រះកាតព្វកិច្ចរៀងៗខ្លួន ដោយកាត់កងបំណុលទៅវិញទៅមក ។
១២ - គណៈកម្មការម្ចាស់បំណុល សំដៅដល់គណៈកម្មការតែងតាំង ដោយម្ចាស់បំណុលក្នុង ចំណោមម្ចាស់បំណុល ដើម្បីបំពេញការងារតំណាងឱ្យ ផលប្រយោជន៍របស់ម្ចាស់បំណុលទាំងមូល ។