វិសោធនកម្មច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
ជំពូកទី ៩.- ថ្មី អន្តរប្បញ្ញតិ
ការវិនិយោគទាំងឡាយដែលបានទទួលការអនុញ្ញាតដោយច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ ០៣/នស/៩៤ ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៤ និងអនុក្រឹត្យនានា ត្រូវបានចាត់ទុកថាជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដូចមានចែងក្នុងច្បាប់នេះ និងអនុក្រឹត្យពាក់ព័ន្ធ ។
គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលមានសិទ្ធិទទួលបាននូវអត្រាពន្ធលើប្រាក់ចំណេញ ៩% (ប្រាំបួនភាគរយ) មុនពេលប្រកាសអោយប្រើនូវច្បាប់នេះ និងដែលបានចាប់ផ្តើមសកម្មភាពវិនិយោគដោយទទួលបានការយល់ព្រមអនុម័ត មានសិទ្ធិទទួលបានអត្រាពន្ធ ៩%(ប្រាំបួនភាគរយ) នេះ សម្រាប់រយៈ៥(ប្រាំ)ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំសារពើពន្ធ បន្ទាប់ពីការប្រកាសអោយប្រើនូវច្បាប់នេះ លុះត្រាតែអ្នកវិនិយោគនោះបានដាក់ជារៀងរាល់ឆ្នាំ សារពើពន្ធនូវវិញ្ញាបនប័ត្រប្រចាំឆ្នាំ បញ្ជាក់ពីការបំពេញកាតព្វកិច្ចចំពោះរដ្ឋដែលត្រូវកំណត់ដោយអនុក្រឹត្យ ដូចមានចែងក្នុងកថាខណ្ឌ ២ មាត្រា ១៤ ថ្មី បន្ទាប់ពីការប្រកាសអោយប្រើច្បាប់នេះ ។
គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលមានសិទ្ធិត្រូវការលើកលែងពន្ធលើប្រាក់ចំណេញ តាមការយល់ព្រមជាលាយល័ក្ខណ៍អក្សរ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មុនពេលប្រកាសអោយប្រើច្បាប់នេះ មានសិទ្ធិទទួលបន្តការលើកលែងពន្ធលើប្រាក់ចំណេញ លុះត្រាតែអ្នកវិនិយោគនោះបានដាក់ជារៀងរាល់ឆ្នាំសារពើពន្ធនូវវិញ្ញាបនប័ត្រប្រចាំឆ្នាំបញ្ជាក់ពីការបំពេញកាតព្វកិច្ចចំពោះរដ្ឋ ដែលត្រូវកំណត់ដោយអនុក្រឹត្យ ដូចមានចែងក្នុងកថាខ័ណ្ឌ ២ មាត្រា ១៤ថ្មី បន្ទាប់ពីការប្រកាសអោយប្រើច្បាប់នេះ ។