ក្រមនីតិវិធីរដ្ឋប្បវេណី
គន្ថីទី ១ បទប្បញ្ញត្តិទូទៅ
ជំពូកទី ៤ ប្រាក់ប្រដាប់ក្តី
ផ្នែកទី ១ អត្ថន័យ និង ប្រភេទនៃប្រាក់ប្រដាប់ក្តី
មាត្រា ៦២.- ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ
១- ភាគី ឬ បុគ្គលដែលទាក់ទងនឹងរឿងក្តី ត្រូវបង់ប្រាក់ប្រដាប់ក្តីខាងក្រោមនេះ ទៅតាមចំនួនទឹកប្រាក់ដែលកំណត់ដោយតុលាការ ៖
ក-ចំនួនទឹកប្រាក់ចាំបាច់ដើម្បីឱ្យតុលាការធ្វើការពិនិត្យភស្តុតាង ការបញ្ជូនឯកសារ ឬ សកម្មភាពផ្សេងទៀត តាមនីតិវិធីក្នុងបណ្តឹងរដ្ឋប្បវេណី ។
ខ-ចំនួនទឹកប្រាក់ស្មើនឹងសោហ៊ុយធ្វើដំណើរ និង សោហ៊ុយស្នាក់នៅ ដែលចាំបាច់សម្រាប់ចៅក្រម និង ក្រឡាបញ្ជី ក្នុងករណីដែលត្រូវធ្វើការពិនិត្យភស្តុតាង ការស្រាវជ្រាវអង្គហេតុ ឬ សកម្មភាពផ្សេងទៀត ដែលប្រព្រឹត្តទៅនៅក្រៅតុលាការ ។
២- ភាគី ឬ បុគ្គលដែលទាក់ទងនឹងរឿងក្តី ដែលត្រូវបង់ប្រាក់ប្រដាប់ក្តីដូចបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ចំពោះប្រាក់ប្រដាប់ក្តីសម្រាប់សកម្មភាពដែលធ្វើឡើងដោយពាក្យសុំ គឺអ្នកដាក់ពាក្យសុំ រីឯចំពោះប្រាក់ប្រដាប់ក្តីសម្រាប់សកម្មភាពដែលធ្វើឡើងដោយឆន្ទានុសិទ្ធិរបស់តុលាការ គឺអ្នកដែលតុលាការបានកំណត់ឱ្យបង់ ។
៣- ចំពោះសកម្មភាពដែលត្រូវបង់ប្រាក់ប្រដាប់ក្តីតាមបញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ តុលាការត្រូវបង្គាប់ឱ្យភាគី ឬ បុគ្គលដែលទាក់ទងនឹងរឿងក្តី បង់ចំនួននោះជាមុន ។
៤- ក្នុងករណីដែលតុលាការបានបង្គាប់ឱ្យបង់ប្រាក់ប្រដាប់ក្តីជាមុន តាមបញ្ញត្តិនៃកថាខណ្ឌទី ៣ ខាងលើនេះ តែសាមីខ្លួនមិនបានបង់ជាមុនទេនោះ តុលាការអាចមិនធ្វើនូវសកម្មភាពដែលចាំបាច់ត្រូវមានប្រាក់ប្រដាប់ក្តីនោះបាន ។
៥- ចំពោះប្រាក់ប្រដាប់ក្តីដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ដែលមិនបានបង់ជាមុនទេ តុលាការអាចប្រមូលពីអ្នកដែលត្រូវទទួលបន្ទុកលើការបង់ប្រាក់ប្រដាប់ក្តីនោះបាន ដោយអាស្រ័យលើ ដីកាសម្រេចរបស់តុលាការ តាមបញ្ញត្តិនៃមាត្រា ៦៤ (ភាគដែលត្រូវទទួលបន្ទុក និង ការសងវិញនូវប្រាក់ប្រដាប់ក្តីដែលបានបង់រួចហើយ) នៃក្រមនេះ ។