ក្រមនីតិវិធីរដ្ឋប្បវេណី
គន្ថីទី ១ បទប្បញ្ញត្តិទូទៅ
ជំពូកទី ៤ ប្រាក់ប្រដាប់ក្តី
ផ្នែកទី ១ អត្ថន័យ និង ប្រភេទនៃប្រាក់ប្រដាប់ក្តី
មាត្រា ៦១.- ពន្ធដាក់ពាក្យសុំ
១- ពេលដែលដាក់ពាក្យបណ្តឹង ត្រូវបង់ពន្ធដែលមានចំនួនប្រាក់ដោយគណនាទៅតាមតម្លៃកម្មវត្ថុនៃបណ្ដឹង ដែលបានកំណត់ក្នុងចំណុចនីមួយៗខាងក្រោមនេះ ទៅតុលាការ :
ក-ចំពោះភាគនៃតម្លៃកម្មវត្ថុនៃបណ្ដឹងដល់ ១០.០០០.០០០ (ដប់លាន) រៀលក្នុងចំនួន ១០០.០០០ (មួយសែន) រៀល ត្រូវបង់ ១.០០០ (មួយពាន់) រៀល ។
ខ-ចំពោះភាគនៃតម្លៃកម្មវត្ថុនៃបណ្តឹងដែលលើស ១០.០០០.០០០ (ដប់លាន) រៀលដល់ ១០០.០០០.០០០ (មួយរយលាន) រៀល ក្នុងចំនួន ១០០.០០០ (មួយសែន) រៀល ត្រូវបង់ ៧០០ (ប្រាំពីររយ) រៀល ។
គ-ចំពោះភាគនៃតម្លៃកម្មវត្ថុនៃបណ្តឹងដែលលើស ១០០.០០០.០០០ (មួយរយលាន) រៀលដល់ ១.០០០.០០០.០០០ (មួយពាន់លាន) រៀល ក្នុងចំនួន ១០០.០០០ (មួយសែន) រៀល ត្រូវបង់ ៣០០ (បីរយ) រៀល ។
ឃ-ចំពោះភាគនៃតម្លៃកម្មវត្ថុនៃបណ្តឹងដែលលើស១.០០០.០០០.០០០ (មួយពាន់លាន) រៀល ក្នុងចំនួន ១០០.០០០ (មួយសែន) រៀល ត្រូវបង់ ១០០ (មួយរយ) រៀល ។
២- តម្លៃកម្មវត្ថុនៃបណ្ដឹង ដែលជាមូលដ្ឋានដើម្បីធ្វើការគណនាពន្ធដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវគណនាតាមបញ្ញត្តិនៃមាត្រា ៦០ (ការគណនាតម្លៃកម្មវត្ថុនៃបណ្ដឹង ការគណនាតម្លៃក្នុងករណីបណ្តឹងទាមទារច្រើនចំណុច) នៃក្រមនេះ ។
៣- ចំពោះការដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ត្រូវបង់ពន្ធ ១,៥ ដង (មួយក្បៀសប្រាំដង) នៃពន្ធដែលបានគណនាតាមកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ វីឯចំពោះការដាក់ពាក្យបណ្តឹងសាទុក្ខវិញ ត្រូវបង់ពន្ធ ២ ដង (ពីរដង) នៃពន្ធដែលបានគណនាតាមកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ ទៅតុលាការ ។
៤- ចំពោះការដាក់ពាក្យបណ្តឹងជំនុំជម្រះសាជាថ្មី ត្រូវបង់ ១០.០០០ (មួយម៉ឺន) រៀល ទៅតុលាការ ។
៥- ចំពោះការដាក់ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន ត្រូវបង់ពន្ធដែលមានចំនួន ១ ភាគ ២ (មួយភាគពីរ) នៃចំនួនប្រាក់ដោយគណនាតាមកថាខណ្ឌទី ១ ខាងលើនេះ ទៅតាមតម្លៃកម្មវត្ថុនៃការទាមទារ ។ បើចាត់ទុកថា មានការដាក់ពាក្យបណ្តឹងតាមបញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រា ៣២៧ (អានុភាពនៃពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿនដែលបានធ្វើនៅមុនការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន) ឬ មាត្រា ៣៣១ (ការផ្ទេរនីតិវិធីដាស់តឿនទៅនីតិវិធីនៃបណ្ដឹង ដោយពាក្យសុំតវ៉ាចំពោះដីកាសម្រេចដាស់តឿន ដែលបានធ្វើនៅក្រោយការប្រកាសឱ្យអនុវត្តជាបណ្តោះអាសន្ន) នៃក្រមនេះ អ្នកដែលបានដាក់ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿន ត្រូវបង់ពន្ធចំនួនប្រាក់ដែលគណនាដោយដកចំនួនពន្ធ ដែលខ្លួនបានបង់ចំពោះការដាក់ពាក្យសុំឱ្យចេញដីកាសម្រេចដាស់តឿនពីចំនួនពន្ធដែលបានគណនាតាមកថាខណ្ឌទី ១ ខាងលើនេះ ។
៦- ចំពោះករណីដាក់ពាក្យសុំទៅតុលាការឱ្យសម្រេចសេចក្តី ក្រៅពីការកំណត់នៅក្នុងបញ្ញត្តិនៃកថាខណ្ឌទី ១ និង បញ្ញត្តិពីកថាខណ្ឌទី ៣ ទៅទី ៥ ត្រូវបង់ ៥.០០០ (ប្រាំពាន់) រៀល ទៅតុលាការ ។
៧- ការបង់ពន្ធត្រូវធ្វើដោយការបង់ជាប្រាក់នៅកន្លែងទទួលពាក្យនៃតុលាការ ។ ពាក្យសុំដែលមិនបានបង់ពន្ធនៅពេលដាក់ទេ ត្រូវចាត់ទុកថាជាពាក្យសុំមិនស្របច្បាប់ ។
៨- ក្នុងករណីដែលបានរៀបរាប់ខាងក្រោមនេះ យោលទៅតាមពាក្យសុំរបស់អ្នកដែលបានបង់ តុលាការនឹងត្រូវសងនូវពន្ធដែលកំណត់ដោយចំណុចខាងក្រោមនេះ ៖
ក-ករណីដែលបង់ពន្ធលើស ៖ សងពន្ធដែលបានបង់លើសទៅវិញ ។
ខ-ករណីដែលការផ្សះផ្សាបានលទ្ធផលមុនពេលធ្វើការទាញហេតុផលដោយផ្ទាល់មាត់ ករណីដែលដកពាក្យបណ្ដឹងមុនពេលចប់កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់លើកដំបូង និង ករណីដែលសេចក្តីសម្រេចលើកចោលពាក្យបណ្តឹងដោយមិនឆ្លងកាត់ការទាញហេតុផលដោយផ្ទាល់មាត់ចូលជាស្ថាពរ : សងពាក់កណ្តោលនៃពន្ធដែលបានបង់ហើយទៅវិញ ។