សេចក្តីព្រាង ក្រមបរិស្ថាន និងធនធានធម្មជាតិ កំណែ៩.១ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០០៧
គន្ថីទី ៤ ការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានធម្មជាតិ
មាតិកាទី ៥ កិច្ចការពារ អភិរក្ស និងគ្រប់គ្រងសត្វព្រៃ
ជំពូកទី ២ ការធ្វើចំណាត់ថ្នាក់ប្រភេទសត្វព្រៃ
មាត្រា ៤០៨.- ការស្នើសុំធ្វើបច្ចុប្បន្នភាព
បុគ្គល និងអង្គភាពនានា អាចដាក់ពាក្យស្នើសុំទៅកាន់ក្រសួង ស្ថាប័នទទួលបន្ទុកវិស័យបរិស្ថានឲ្យធ្វើបច្ចុប្បន្នភាព ពីការចាត់ចំណាត់ថ្នាក់ប្រភេទសត្វព្រៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ពាក្យសុំបែបនេះ ត្រូវផ្តល់ទិន្នន័យ និងព័ត៌មានដើម្បីយោងពីការចាត់ចំណាត់ថ្នាក់ដែលត្រូវធ្វើបច្ចុប្បន្នភាព ។ ក្រសួង ស្ថាប័នទទួលបន្ទុកវិស័យបរិស្ថាន ត្រូវផ្តល់ការឆ្លើយតបចំពោះពាក្យសុំបែបនោះដោយបញ្ជាក់អំពីហេតុផលក្នុងករណីផ្តល់ការឯកភាព ឬបដិសេធ ក្នុងរយៈពេល ៦០ (ហុកសិប) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំ ។
រាល់ឯកសារ ទិន្នន័យ និងព័ត៌មាន ដែលត្រូវប្រើសម្រាប់ការធ្វើចំណាត់ថ្នាក់ជាថ្មីទៅលើប្រភេទសត្វព្រៃទាំងឡាយ ទាំងដែលត្រូវធ្វើឡើងតាមការស្នើសុំ ត្រូវជម្រាបជូនដល់សាធារណជន ដោយក្រសួង ស្ថាប័នទទួលបន្ទុកវិស័យបរិស្ថាន ឬក្រសួង ស្ថាប័នពាក់ព័ន្ធដទៃៗទៀត ដែលកាន់កាប់ឯកសារ ឬទិន្នន័យបែបនោះ ឬព័ត៌មានដទៃទៀត ស្របតាមគត្ថីទី ១ មាតិកាទី ៣ សិទ្ធិទទួលបានព័ត៌មានផ្នែកបរិស្ថាននៃក្រមនេះ ។