ច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ២០០៥
ជំពូកទី ៣ ក្រុមហ៊ុនមូលធន
ផ្នែកទី ២ ក- ការបង្កើតក្រុមហ៊ុនមូលធន
នៅក្នុងផ្នែកនេះ ពាក្យបច្ចេកទេសទាំងឡាយមាននិយមន័យដូចតទៅ :
១- គាហកៈ មានន័យថាបុគ្គលដែលកាន់កាប់មូលបត្រដែលអាចទូទាត់ឱ្យ ទៅគាហកៈផ្សេង បាន ឬ ដែលបានធ្វើបិដ្ឋិលេខដោយចំហទុក ។
២- អ្នកទិញដោយសុទ្ធចិត្ត មានន័យថាអ្នកទិញដែលបង់តម្លៃឱ្យត្រឹមត្រូវ និងដោយមិនដឹងថាមានការបណ្តឹងទាមទារណាមួយ ហើយជាអ្នកដែលធ្វើការផ្ទេរការកាន់កាប់មូលបត្រតាមទម្រង់ជាអ្នកកាន់កាប់ ឬ ជាអ្នកបញ្ជាដែលទទួលការផ្ទេរការកាន់កាប់មូលបត្រតាមទម្រង់ចុះបញ្ជីដែលបានបោះចេញឱ្យ ឬ ដែលបានធ្វើបិដ្ឋិលេខឱ្យ ឬ ដែលបានធ្វើបិដ្ឋិលេខចំហ ។
៣- អ្នកជើងសា មានន័យថាជាបុគ្គលជាប់កាតព្វកិច្ចទាំងស្រុង ឬ មួយភាគនៃពេលវេលារបស់ខ្លួនក្នុងកិច្ចការជំនួញ ទិញ និងលក់មូលបត្រ និងជាអ្នកធ្វើសកម្មភាពជំនួសគេ ឬ ទិញមូលបត្រពីអតិថិជន ឬ លក់មូលបត្រទៅឱ្យ អតិថិជនក្នុងកិច្ចការជំនួញដែលជាប់ពាក់ព័ន្ធនោះ ។
៤- ការប្រគល់ មានន័យថាជាការផ្ទេរការកាន់កាប់ដោយឆន្ទះ ។
៥- សុទ្ធ មានន័យថាពិតប្រាកដមិនក្លែងក្លាយ ឬ ក្លែងបន្លំ ។
៦- ម្ចាស់មូលបត្រ មានន័យថាបុគ្គលមានមូលបត្រដែលបានចេញឱ្យ ឬ ដែល បានធ្វើបិដ្ឋិលេខឱ្យ ឬ ដែលមានធ្វើបិដ្ឋិលេខចំហ ។
៧- ចេញបន្ថែម មានន័យថាការចេញមូលបត្រលើសពីចំនួនអតិបរមនៃមូលបត្រ ដែលអ្នកចេញមូលបត្រត្រូវផ្តល់សិទ្ធិតាមលក្ខន្តិកៈរបស់ខ្លួន ឬ តាមកិច្ចសន្យាច្បាស់លាស់ក្នុងការចេញមូលបត្រ ។
៨- អ្នកជាវ មានន័យថាជាបុគ្គលដែលទាញរកចំណេញពីមូលបត្រដោយធ្វើការលក់បញ្ចាំ ធ្វើអ្វីប៉ូតែកចេញប័ណ្ណចេញសាជាថ្មី ធ្វើអំណោយនូវមូលបត្រនោះឬក៏ទាញរកចំណេញតាមកិច្ចការជំនួញណាមួយផ្សេងទៀតដោយឆន្ទៈ ។
៩- មូលបត្រ មានន័យថាជាលិខិតស្នាមដែលចេញដោយក្រុមហ៊ុនហើយដែល :
ក- ស្ថិតក្នុងទ្រង់ទ្រាយគាហកៈ ទ្រង់ទ្រាយចុះបញ្ជី ឬ ទ្រង់ទ្រាយបញ្ហា
ខ- ជាគំរូប័ណ្ណមួយលក់ជាសាធារណៈនៅលើការដោះដូរ ឬ លើទី ផ្សារមូលបត្រ ឬ បានទទួលស្គាល់នៅក្នុងវិស័យណាមួយដែលនៅក្នុងវិស័យនោះ មូលបត្រត្រូវបានបោះចេញ ឬ ត្រូវ បានលក់ជារូបិយវត្ថុសម្រាប់បម្រើឱ្យ ការវិនិយោគ ។
គ- ជាប្រភេទមួយ ឬ សើវីមួយមូលបត្រ ដែលចែកនៅក្នុងប្រភេទ ឬ ស៊េរីនៃលិខិតស្នាម ។
ឃ- ជាភស្តុតាងបញ្ជាក់ភាគហ៊ុន ភស្តុតាងនៃការចូលរួមចំណែក ឬ ភស្តុតាងនៃអត្ថប្រយោជន៍ផ្សេងៗក្នុងកាតព្វកិច្ចរបស់ក្រុមហ៊ុន ។
១០- ការផ្ទេរ មានន័យថាគឺជាការផ្ទេរដែលរួមបញ្ចូលទាំងការបញ្ជូនឱ្យដោយប្រតិបត្តិតាមច្បាប់ ។
១១- គ្មានសិទ្ធិក្នុងការចុះហត្ថលេខា ឬ ក្នុងការធ្វើបិដ្ឋិលេខ មានន័យថាមនុស្សម្នាក់ប្រព្រឹត្តដោយគ្មានសិទ្ធិពិតប្រាកដ ហើយរួមទាំងការក្លែងបន្លំផង ។