ច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ២០០៥

ជំពូកទី ៣ ក្រុមហ៊ុនមូលធន

ផ្នែកទី ២ ក- ការបង្កើតក្រុមហ៊ុនមូលធន

មាត្រា ១១៩.-

	ក្រុមប្រឹក្សាភិបាលត្រូវចាត់ចែងអាជីវកម្ម និងការងាររបស់ក្រុមហ៊ុន ។ លក្ខន្តិកៈក្រុមហ៊ុនត្រូវចែងពីសិទ្ធិរបស់អភិបាលដែលមានជាអាទិ៍ :
        ១- តែងតាំង និង ដកហូតអ្នកគ្រប់គ្រងទាំងអស់ និងកំណត់នូវសិទិ្ធច្បាស់លាស់សម្រាប់អ្នកគ្រប់គ្រងទាំងនោះ ។
        ២- កំណត់ប្រាក់បៀវត្ស និងប្រាក់បំណាច់ផ្សេងៗដល់អ្នកគ្រប់គ្រងទាំងនោះ ។
        ៣- កម្រិតប្រាក់បៀវត្ស ឬ ប្រាក់បំណាច់ផ្សេងៗ សម្រាប់អភិ បាលទាំងឡាយ ហើយដាក់ជូនទៅម្ចាស់ហ៊ុនដើម្បីសុំសេចក្តីសម្រេច ។
        ៤- ចេញប័ណ្ណកំណត់សន្យា សញ្ញាប័ណ្ណ និងលិខិតស្នាម ដែលបញ្ជាក់ថាមានបំណុល និងតឹកតាងផ្សេងៗនៃបំណុលរបស់ក្រុមហ៊ុន និងកំណត់នូវលក្ខណៈដាច់ខាត និងលក្ខណៈធៀបរបស់លិខិតស្នាមទាំងឡាយនោះ ។
        ៥- ស្នើសុំម្ចាស់ហ៊ុន ដើម្បីធ្វើការកែប្រែលក្ខន្តិកៈ ឬ លុបចោលលក្ខន្តិកៈរបស់ក្រុមហ៊ុន ។
        ៦- ស្នើសុំម្ចាស់ហ៊ុននូវកិច្ចសន្យារំលាយចូលគ្នា ឬ រួមបញ្ចូលគ្នារវាងក្រុមហ៊ុន និងបុគ្គលផ្សេងណាមួយ ។
        ៧- ស្នើសុំម្ចាស់ហ៊ុន ដើម្បីលក់ទ្រព្យសម្បត្តិក្រុមហ៊ុនទាំងអស់ ឬ មួយភាគ ។
        ៨- ស្នើសុំម្ចាស់ហ៊ុនដើម្បីរំលាយ ឬ ជម្រះបញ្ជីក្រុមហ៊ុន ។
        ៩- ប្រកាសភាគលាភទៅតាមគោលការណ៍គណនេយ្យ និងតាមលក្ខខណ្ឌនៃការ ដាក់ភាគហ៊ុន ប្រភេទដីមួយៗដែលមានសិទ្ធិទទួលភាគលាភ ។
        ១០-ចេញប័ណ្ណភាគហ៊ុនរបស់ក្រុមហ៊ុនទៅតាមវិសាលភាព ដែលបានចែងនៅក្នុងលក្ខន្តិក:របស់ក្រុមហ៊ុន ។
        ១១- ខ្ចីប្រាក់ ។
        ១២- បោះចេញ បោះចេញសាជាថ្មី ឬ លក់មូលបត្ររបស់ក្រុមហ៊ុន ។
        ១៣- ចុះកិច្ចសន្យាធានា ក្នុងនាមក្រុមហ៊ុន ។
        ១៤- ធ្វើអ្វីប៉ូតែក ចុះកិច្ចសន្យាបញ្ចាំ បើមិនដូច្នេះទេបង្កើតផលប្រយោជន៍ពីមូលបត្រចំពោះទ្រព្យសម្បត្តិទាំងអស់ ឬ ទ្រព្យសម្បត្តិណាមួយរបស់ក្រុមហ៊ុនដើម្បីធ្វើការធានាកាតព្វកិច្ចណាមួយរបស់ក្រុមហ៊ុន ។
        ១៥- រៀបចំការបិទបញ្ជីគណនេយ្យនៃកាលបវិច្ឆេទនីមួយៗជូនម្ចាស់ហ៊ុននិងស្នើចាត់ចែងលទ្ធផលប្រចាំឆ្នាំដាក់ជូនមហាសន្និបាតនៃម្ចាស់ហ៊ុន ។

*ទាញយកកម្មវិធី Law of Cambodia និងចុះឈ្មោះដោយឥតគិតថ្លៃតាមរយៈ ៖

playstore appstore