ច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម ២០០៥
ជំពូកទី ១ បទប្បញ្ញត្តិទូទៅ
នៅក្នុងច្បាប់នេះ ពាក្យបច្ចេកទេសទាំងឡាយមាននិយមន័យដូចតទៅ :
១- បុគ្គលមានន័យថារូបវន្តបុគ្គល ឬ នីតិបុគ្គល ។
២- មន្ត្រីចុះបញ្ជីមានន័យថាអ្នកចុះបញ្ជី ដែលបានតែងតាំងដោយអនុលោមទៅតាមច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ។
៣- ការិយាល័យចុះបញ្ជីពាណិជ្ជកម្មមានន័យថាការិយាល័យដែលបានបង្កើតឡើងដោយអនុលោមទៅតាមច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ។
៤- បុត្រសម្ព័ន្ធមានន័យថាក្រុមហ៊ុនសហកម្មសិទ្ធិ ឬ ក្រុមហ៊ុន មូលធនដែលគ្រប់គ្រងដោយក្រុមហ៊ុន សហកម្មសិទ្ធិ ឬ ក្រុមហ៊ុនមូលធនផ្សេងទៀត ដែលជា “ក្រុមហ៊ុនមេ” ។
ក- បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសហកម្មសិទ្ធិគឺក្រុមហ៊ុនសហកម្មសិទ្ធិមេនោះកាន់កាប់អត្ថប្រយោជន៍ភាគច្រើននៃអត្ថប្រយោជន៍របស់បុត្រសម្ព័ន្ធនោះ ។
ខ- បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមូលធនគឺក្រុមហ៊ុនមូលធនមេនោះត្រូវកាន់កាប់ភាគច្រើននៃភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោតនៅក្នុងក្រុមហ៊ុន ។