ច្បាប់ស្តីពី សម្បទាន ២០០៧

ជំពូកទី ១ បទប្បញ្ញត្តិទូទៅ

មាត្រា ៣.-

	វាក្យសព្ទ័សំខាន់ៗនៅក្នុងច្បាប់នេះមានន័យដូចខាងក្រោម:
        - ការអនុញ្ញាត សំដៅដល់ការអនុញ្ញាត ការជម្រះបញ្ជី ការយល់ព្រម ការផ្តល់ អាជ្ញាប័ណ្ណ ការផ្តល់លិខិតអនុញ្ញាត ឬ ការចុះបញ្ជីនានា ដែលត្រូវទទួលយកពីស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តគម្រោងសម្បទានដែលកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ។
        - សម្បទាន សំដៅដល់ទង្វើណាមួយជារបស់រដ្ឋ ដែលស្ថាប័ន មានសមត្ថកិច្ចផ្តល់ទង្វើនោះ ទៅឱ្យឯកជននូវផ្នែកណាមួយឬទាំងស្រុងនៃការអនុវត្តគម្រោងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធណាមួយដែលជាធម្មតាស្ថាប័នមានសមត្ថកិច្ចនោះ ជាអ្នកទទួលខុសត្រូវ ហើយដែលជននោះ ទទួលភារកិច្ចមួយផ្នែកធំលើការ សាងសង់ និង/ ឬហានិភ័យ ឬ ទទួលបាន
នូវផលចំណេញ តាមរយៈការទូទាត់សងវិញ ពីរដ្ឋាភិបាលនូវប្រាក់ចំណូល ឬ កម្រៃ និងការយកថ្លៃឈ្នួល ដែល បានប្រមូលយកពីអ្នកប្រើប្រាស់ ឬ ពីអតិថិជន ។ ទង្វើរបស់រដ្ឋទាំងនោះចាប់ពីពេលនេះតទៅនឹងត្រូវកំណត់ថា“សម្បទាន” នៅក្រោមច្បាប់នេះ ដោយមិនគិតពីឈ្មោះស្របច្បាប់ដែល បានប្រើប្រាស់សម្រាប់ទង្វើនោះឡើយ ។
        - សម្បទានិក សំដៅដល់បុគ្គលដែលអនុវត្គគម្រោង​ហេដ្ឋារចនាសម្ព័ន្ធនៅក្រោមកិច្ចសន្យាសម្បទាន ដែលបានធ្វើជាមួយស្ថាប័នជាប់កិច្ចសន្យា ។
        - កិច្ចសន្យាសម្បទាន សំដៅដល់កិច្ចព្រមព្រៀងដែលភ្ជាប់កាតព្វកិច្ចទៅវិញទៅមក រវាងស្ថាប័នជាប់កិច្ចសន្យាជាមួយសម្បទានិក ក្នុងនោះមានការកំណត់ពីគោលការណ៍និង លក្ខខណ្ឌសម្រាប់អនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ។
        - បុគ្គល សំដៅដល់រូបវន្តបុគ្គល ឬ នីតិបុគ្គល ។
        - គម្រោងសម្បទាន សំដៅដល់ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្រោមការផ្តល់សម្បទានណាមួយ ។
        - ស្ថាប័នជាប់កិច្ចសន្យា សំដៅដល់ស្ថាប័នមានសមត្ថកិច្ចដែលមានសិទ្ធិចុះកិច្ចសន្យាសម្បទាន ដូចមានចែងក្នុងមាត្រា ៤ នៃច្បាប់នេះ ។
        - សំណង់ហេដ្ឋារចនាសម្ព័ន្ធ សំដៅដល់សំណង់ជារូបវ័ន្តនិងប្រព័ន្ធដែលផ្តល់សេវាកម្មដោយផ្ទាល់ ឬ ដោយប្រយោលដល់សាធារណជនទូទៅ ។
        - គម្រោងហេដ្ឋារចនាសម្ព័ន្ធ សំដៅដល់គំនូរប្លង់ ការសាងសង់ ការថែទាំ ឬ ការធ្វើអាជីវកម្មនៃសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ឬ ការធ្វើទំនើបភាវូបនីយកម្ម ការធ្វើនីតិសម្បទាការពង្រីក ការគ្រប់គ្រង ឬ ការធ្វើអាជីវកម្មនៃសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ។
        - គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សំដៅដល់គម្រោងវិនិយោគដែលទទួលបាននូវវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយអនុលោមទៅតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។

*ទាញយកកម្មវិធី Law of Cambodia និងចុះឈ្មោះដោយឥតគិតថ្លៃតាមរយៈ ៖

playstore appstore