ឧបសម្ព័ន្ធ ៨-១

តារាងសន្យាតាមវិស័យ

ជំពូក ១៣ ការពិគ្រោះយោបល់និងការដោះស្រាយវិវាទ

ផ្នែក ខ បទប្បញ្ញត្តិពិគ្រោះយោបល់

មាត្រា ៦.-ការពិគ្រោះយោបល់

	១- ភាគីមួយអាចសុំការពិគ្រោះយោបល់ជាមួយភាគីផ្សេងទៀត ទាក់ទងនឹងវិវាទណាមួយដែលកើតឡើងក្រោមកិច្ចព្រមព្រៀងនេះ។ ភាគីឆ្លើយតបត្រូវផ្តល់ការពិចារណាសមស្របចំពោះសំណើសុំការពិគ្រោះយោបល់ដែលធ្វើឡើងដោយភាគីប្តឹងតវ៉ា និងត្រូវផ្តល់ឱកាសគ្រប់គ្រាន់ចំពោះការពិគ្រោះយោបល់នោះ​ ។
        ២- សំណើសុំការពិគ្រោះយោបល់ត្រូវផ្តល់នូវហេតុផលនានាចំពោះសំណើនោះ រួមបញ្ចូលទាំងការកំណត់ពីវិធានការជាមូលបញ្ហា និងការបង្ហាញពីមូលដ្ឋានអង្គហេតុនិងមូលដ្ឋានគតិយុត្តសម្រាប់បណ្តឹងតវ៉ានេះ ។
        ៣- ភាគីប្តឹងតវ៉ា ត្រូវផ្តល់នូវច្បាប់ចម្លងនៃសំណើសុំនោះទៅកាន់បណ្តាភាគីផ្សេងទៀតក្នុងពេលដំណាលគ្នា។ ភាគីឆ្លើយតបត្រូវទទួលស្គាល់ភ្លាមៗពីការទទួលបានសំណើសុំនោះ តាមរយៈការជូនដំណឹងទៅគ្រប់បណ្តាភាគី ដោយបង្ហាញពីកាលបរិច្ឆេទនៃការទទួលបានសំណើសុំនោះ ។
       ៤- លើកលែងតែមានការឯកភាពទៅវិញទៅមក ភាគីឆ្លើយតបត្រូវឆ្លើយតបទៅនឹងសំណើសុំនោះក្នុងអំឡុងពេលប្រាំពីរថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការទទួលបាន ហើយត្រូវចូលរួមការពិគ្រោះយោបល់ក្នុងអំឡុងពេលមិនលើសពី៖
       (ក) ១០ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការទទួលបានសំណើសុំនោះចំពោះករណីបន្ទាន់ដោយរួមបញ្ចូលទាំងករណីនានាពាក់ព័ន្ធនឹងទំនិញឆាប់ស្អុយរលួយ ឬ
       (ខ) ៣០ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការទទួលបានសំណើនោះចំពោះបញ្ហាផ្សេងទៀត ។
       ៥- ប្រសិនបើភាគីឆ្លើយតបមិនចូលរួមការពិគ្រោះយោបល់ក្នុងអំឡុងពេលដូចមានចែងក្នុងកថាខណ្ឌ
៤ ឬអំឡុងពេលណាមួយដូចដែលបានឯកភាពគ្នាទៅវិញទៅមកផ្សេងទៀត នោះភាគីប្តឹងតវ៉ាអាចបន្តឹងដោយផ្ទាល់ដើម្បីស្នើសុំបង្កើតវេទិកាមជ្ឈត្តកម្ម ដោយអនុលោមតាមមាត្រា (សំណើសុំបង្កើតវេទិកាមជ្ឈត្តកម្ម) ។
        ៦- បណ្តាភាគីនៃវិវាទត្រូវខិតខំប្រឹងប្រែងដើម្បីឈានទៅរកដំណោះស្រាយ ដែលប្រកបដោយការពេញចិត្តទៅវិញទៅមកតាមរយៈការពិគ្រោះយោបល់។ ក្នុងន័យនេះ បណ្តាភាគីនៃវិវាទត្រូវ៖
        (ក) ផ្តល់ព័ត៌មានគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យមានការពិនិត្យពិច័យពេញលេញអំពីបញ្ហានោះរួមទាំងវិធានការដែលជាបញ្ហា ដែលអាចជះឥទ្ធិពលដល់ការអនុវត្តកិច្ចព្រមព្រៀង
       (ខ) ប្រព្រឹត្តចំពោះព័ត៌មានសម្ងាត់ឬព័ត៌មានសម្ងាត់ផ្នែកពាណិជ្ជកម្ម ដែលបានផ្លាស់ប្តូរគ្នាក្នុងអំឡុងពេលនៃការពិគ្រោះយោបល់ ដោយឈរលើមូលដ្ឋានដូចគ្នាទៅនឹងភាគីដែលផ្តល់ព័ត៌មាន និង
       (ត) ប្រឹងប្រែងអនុញ្ញាតឱ្យមានការចូលរួមពីបុគ្គលិកពិគ្រោះយោបល់របស់ភ្នាក់ងាររដ្ឋាភិបាល​ ឬអង្គភាពនិយតកម្មផ្សេងទៀតរបស់ភាគីនោះ ដែលមានទំនួលខុសត្រូវឬជំនាញពាក់ព័ន្ធ នឹងបញ្ហាដែលស្ថិតក្រោមការពិគ្រោះយោបល់នោះ តបតាមការស្នើសុំពីភាគីមួយនៃវិវាទ។
        ៧- ការពិគ្រោះយោបល់ត្រូវរក្សាការសម្ងាត់និងដោយមិននាំឱ្យប៉ះពាល់ដល់សិទ្ធិរបស់បណ្តាភាគីនៃវិវាទក្នុងការបន្តប្ដឹងបន្ថែមទៀតឬផ្សេងទៀតឡើយ ។
        ៨- នៅពេលដែលភាគីមួយក្រៅពីបណ្តាភាគីនៃវិវាទ គិតថាខ្លួនមានផលប្រយោជន៍ពាណិជ្ជកម្មគួរឱ្យកត់សម្គាល់នៅក្នុងការពិគ្រោះយោបល់នោះ ភាគីនោះអាចជូនដំណឹងដល់បណ្តាភាគីនៃវិវាទអំពីបំណងរបស់ខ្លួនដែលនឹងត្រូវចូលរួមក្នុងការពិគ្រោះយោបល់នោះ ក្នុងអំឡុងពេលប្រាំពីរថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការជូនដំណឹងអំពីសំណើសុំការពិគ្រោះយោបល់។ ការជូនដំណឹងបែបនេះត្រូវផ្តល់ភ្លាមៗដល់បណ្តាភាគីផ្សេងទៀតក្នុងពេលដំណាលគ្នា។ ភាគីនោះត្រូវចូលរួមក្នុងការពិគ្រោះយោបល់ប្រសិនបើបណ្តាភាគីនៃវិវាទឯកភាព ។

*ទាញយកកម្មវិធី Law of Cambodia និងចុះឈ្មោះដោយឥតគិតថ្លៃតាមរយៈ ៖

playstore appstore